ការប៉ះស្បែកជាមួយស្បែកក្រោយសម្រាល - គន្លឹះក្នុងការថែទាំកូនសម្រាលដោយវះកាត់

ការប៉ះស្បែកជាមួយស្បែកក្រោយសម្រាល - គន្លឹះក្នុងការថែទាំកូនសម្រាលដោយវះកាត់

Banner
Banner
Banner

ការប៉ះស្បែកជាមួយស្បែករវាងអ្នកម៉ាក់ និងកូនក្រោយសម្រាលដោយវះកាត់ គឺមានសារៈសំខាន់ខ្លាំងណាស់។ វាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កូន ដូចជា ជួយឱ្យកូនបានប៉ះពាល់ជាមួយបាក់តេរីល្អ និងជួយរក្សាសីតុណ្ហភាពរាងកាយឱ្យមានស្ថិរភាព [1,7]។ ប៉ុន្តែ ប្រសិនបើអ្នកម៉ាក់ និងកូនមិនអាចធ្វើការប៉ះស្បែកជាមួយស្បែកបានភ្លាមៗក្រោយសម្រាល តើអ្នកម៉ាក់គួរថែទាំកូនកើតក្រោយវះកាត់យ៉ាងដូចម្តេចដើម្បីជួយឱ្យកូនមានសុខភាពល្អ?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាសម្រាលដោយវះកាត់មាននិន្នាការកើនឡើង ដោយមានប្រមាណ 1 នាក់ ក្នុងចំណោម កុមារ 3 នាក់ សម្រាលដោយវះកាត់ (នៅភ្នំពេញ) យោងតាមការស្ទង់មតិរបស់ CDHS ឆ្នាំ 2021-2022 [2]។

1. ការប៉ះស្បែកជាមួយស្បែកក្រោយសម្រាល ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កូនសម្រាលដោយវះកាត់?

បច្ចុប្បន្ន ការសម្រាលដោយវះកាត់កំពុងក្លាយជាករណីដែលជួបប្រទះញឹកញាប់ និងមានសុវត្ថិភាពកាន់តែខ្ពស់ ដោយសារការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ។ ទោះជាយ៉ាងណា ការសិក្សានានានៅតែបង្ហាញថា កូនសម្រាលដោយវះកាត់អាចប្រឈមនឹងបញ្ហាមួយចំនួន បើធៀបនឹងកូនសម្រាលតាមធម្មជាតិ។ ជាក់ស្តែង កូនសម្រាលដោយវះកាត់បាត់បង់ឱកាសទទួលបានបាក់តេរីល្អៗពីទ្វារមាសរបស់អ្នកម៉ាក់ក្នុងដំណាក់កាលដំបូងនៃជីវិត។ ផ្ទុយទៅវិញ ពួកគាត់អាចប្រឈមនឹងបាក់តេរីមិនល្អច្រើនជាងពីបរិស្ថានមន្ទីរពេទ្យ [3]។ ស្ថានភាពនេះ អាចធ្វើឱ្យមានការប្រែប្រួលនៃពពួកបាក់តេរីល្អក្នុងពោះវៀនរបស់កូនរហូតដល់រយៈពេល 6 ខែបន្ទាប់ពីសម្រាល [3]។ ដូច្នេះ ក្នុងរយៈពេលនេះ ប្រព័ន្ធភាពស៊ាំរបស់ពួកគាត់អាចមានហានិភ័យខ្សោយជាង និងងាយរងគ្រោះប្រឈមនឹងការឆ្លងជំងឺផ្សេងៗ [1,3]។

លើសពីនេះ កូនសម្រាលដោយវះកាត់ក៏អាចប្រឈមនឹងការពិបាកដកដង្ហើម ដូចជាដកដង្ហើមខ្លីៗ សម្លេងដកដង្ហើមលឺខ្លាំង ឬបញ្ហាផ្លូវដង្ហើមផ្សេងៗក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងក្រោយកើត។ នៅពេលសម្រាលតាមធម្មជាតិ រាងកាយរបស់កូនត្រូវបានសង្កត់ឆ្លងកាត់តាមផ្លូវសម្រាល ដែលជួយរុញសារធាតុរាវ (ស្លេស្ម) ចេញពីសួត។ ចំណែកកូនសម្រាលដោយវះកាត់វិញ មិនបានឆ្លងកាត់ដំណើរការនេះទេ [1]។ ការសិក្សាក៏បានបង្ហាញថា កូនសម្រាលដោយវះកាត់មានហានិភ័យខ្ពស់ជាង 1.3 ដង ក្នុងការមានជំងឺឆ្លងផ្លូវដង្ហើមបើប្រៀបធៀបនឹង កូនសម្រាលតាមធម្មជាតិ [4]។

ក្រៅពីផលប៉ះពាល់ក្នុងរយៈពេលខ្លី លទ្ធផលនៃការសិក្សាជាច្រើនក៏បានបង្ហាញថា កូនសម្រាលដោយវះកាត់អាចមានហានិភ័យខ្ពស់ជាងកូនសម្រាលតាមធម្មជាតិចំពោះបញ្ហាសុខភាពមួយចំនួន ដូចជា ជំងឺឆ្លងផ្លូវដង្ហើម បញ្ហាប្រព័ន្ធរំលាយអាហារ ភាពធាត់ ជំងឺហឺត បញ្ហាអាឡែស៊ី និងជំងឺទឹកនោមផ្អែមប្រភេទទី 1 [3,4]។

ហេតុនេះហើយ កូនសម្រាលដោយវះកាត់ត្រូវការការថែទាំ និងការតាមដានឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយហានិភ័យដែលអាចជួបប្រទះទាំងនេះ។ ក្នុងនោះ ការប៉ះស្បែកជាមួយស្បែកភ្លាមៗក្រោយសម្រាល គឺជាវិធីសាស្ត្រដែលត្រូវបានណែនាំឱ្យធ្វើភ្លាមៗបន្ទាប់ពីសម្រាល។ តាមរយៈវិធីសាស្រ្តនេះ កូននឹងត្រូវបានជូតឱ្យស្ងួត រួចដាក់ផ្តេកផ្ទាល់លើទ្រូងទទេរបស់អ្នកម៉ាក់។ បន្ទាប់មក ទាំងអ្នកម៉ាក់ និងកូនត្រូវបានគ្របដោយភួយឱ្យកក់ក្តៅ ហើយរក្សានៅក្នុងស្ថានភាពនេះយ៉ាងហោចណាស់ 1 ម៉ោង ឬរហូតដល់កូនបានបៅដោះលើកដំបូងរួចរាល់ [5]។

យោងតាមការសិក្សាជាច្រើន ការប៉ះស្បែកជាមួយស្បែកអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកម៉ាក់ និងកូនដូចខាងក្រោម [5], [6], [7]៖

  • ជួយឱ្យកូនទទួលបានបាក់តេរីល្អៗពីស្បែកអ្នកម៉ាក់ ដែលជួយការពារកូនប្រឆាំងនឹងកត្តាបង្កគ្រោះថ្នាក់ពីខាងក្រៅ និងជួយទ្រទ្រង់ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ
  • ជួយជំរុញការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន (Oxytocin) ទាំងក្នុងខ្លួនអ្នកម៉ាក់ និងកូន។ អ័រម៉ូននេះមានឥទ្ធិពលជួយឱ្យមានអារម្មណ៍ស្ងប់ស្ងាត់ កាត់បន្ថយការឈឺចាប់ក្រោយវះកាត់សម្រាប់អ្នកម៉ាក់ និងជួយឱ្យកូនមានភាពស្ងប់ស្ងាត់ គេងលក់ស្រួល និងយំតិចជាងមុន
  • ជួយបង្កើនចំណងក្ដីស្រឡាញ់ និងកាន់តែជិតស្និទ្ធរវាងអ្នកម៉ាក់ និងកូន
  • ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងរក្សាកម្តៅឱ្យកូនកក់ក្តៅ
  • ជួយគ្រប់គ្រងចង្វាក់បេះដូង ចង្វាក់ដង្ហើម និងកម្រិតអុកស៊ីសែន ដើម្បីឱ្យកូនសម្របខ្លួនបានល្អជាមួយបរិស្ថានក្រៅផ្ទៃអ្នកម៉ាក់
  • ជួយជំរុញការបញ្ចេញទឹកដោះ និងធ្វើឱ្យការបំបៅដោះកាន់តែងាយស្រួល
  • ជួយឱ្យកូនស្រូបយកសារធាតុចិញ្ចឹមបានល្អ និងឡើងទម្ងន់បានសមស្រប

ទោះបីការប៉ះស្បែកជាមួយស្បែកមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការអនុវត្តវិធីនេះភ្លាមៗក្រោយសម្រាលមិនមែនតែងតែអាចធ្វើបានគ្រប់ពេលនោះទេ។ ឧទាហរណ៍ អ្នកម៉ាក់អាចត្រូវការការសង្គ្រោះបន្ទាន់ ឬកូនអាចនឹងខ្សោយពេក ឬកូនកើតមិនគ្រប់ខែ ឬមានបញ្ហាផ្លូវដង្ហើមស្រួចស្រាល់ ដែលត្រូវការការថែទាំពិសេស [7]។ ប៉ុន្តែអ្នកម៉ាក់មិនចាំបាច់បារម្ភខ្លាំងពេកទេ ព្រោះនៅមានវិធីជាច្រើនទៀតដែលអាចជួយទ្រទ្រង់សុខភាពកូនសម្រាលដោយវះកាត់បាន។

លោកប៉ា អ្នកម៉ាក់អាចស្វែងយល់បន្ថែមអំពីបរិមាណទឹកដោះប៉ុន្មានទើបគ្រប់គ្រាន់សម្រាប់កុមារតាមវ័យនីមួយៗ។ តើចំណុចអ្វីខ្លះដែលអ្នកម៉ាក់គួរជៀសវាងក្រោយសម្រាលដោយវះកាត់ និងវិធីរំញោច​ជួយឱ្យទឹកដោះចេញមកលឿន និងមានប្រសិទ្ធភាព។

២. គន្លឹះថែទាំកូនសម្រាលដោយវះកាត់ នៅពេលមិនអាចធ្វើការប៉ះស្បែកជាមួយស្បែកបានភ្លាមៗ

ក. បំបៅដោះកូនឱ្យបានឆាប់តាមដែលអាចធ្វើបាន

យោងតាមអង្គការសុខភាពពិភពលោក កូនទើបនឹងកើតទាំងអស់គួរតែទទួលបានការបំបៅដោះពីម្តាយឱ្យបានឆាប់ និងបំបៅដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល 6 ខែដំបូង [8]។ ទឹកដោះម្តាយមានតួនាទីសំខាន់ចំពោះការលូតលាស់ប្រកបដោយសុខភាពល្អរបស់កូន។ ទឹកដោះម្តាយមានសារធាតុចិញ្ចឹមធម្មជាតិជាច្រើន ដែលស័ក្តិសមជាពិសេសសម្រាប់កូន ដូចជា ប្រូតេអ៊ីន ជាតិខ្លាញ់ ជាតិស្ករឡាក់តូស បាក់តេរីល្អ អង់ទីគ័រ និងវីតាមីនផ្សេងៗ [9,10]។

ចំពោះកូនសម្រាលដោយវះកាត់ ដែលប្រព័ន្ធភាពស៊ាំមិនទាន់រឹងមាំនៅឡើយ ការបំបៅដោះម្តាយកាន់តែមានសារៈសំខាន់ ព្រោះទឹកដោះម្តាយជួយការពារកូនពីការចូលលុកលុយរបស់មេរោគបង្កជំងឺ។ ការសិក្សាជាច្រើនក៏បង្ហាញថា កូនដែលបានបៅដោះម្តាយ គឺមិនសូវប្រឈមនឹងការឆ្លងមេរោគក្នុងពោះវៀន ការឆ្លងមេរោគផ្លូវដង្ហើម និងការឆ្លងមេរោគនៅត្រចៀកកណ្តាលនោះទេ [8]។

ខ. នាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់តាមការណែនាំ

ការចាក់វ៉ាក់សាំង គឺជាវិធីសំខាន់មួយក្នុងការជួយការពារកូនពីជំងឺនានា ដូចជា ជំងឺខាន់ស្លាក់ ជំងឺក្អកមាន់ ជំងឺតេតាណូស ជំងឺសួតបង្កដោយបាក់តេរី pneumococcus និងជំងឺកញ្ជ្រឹល។ ការធានាឱ្យកូនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃជំងឺផងដែរ។ ដូច្នេះ លោកប៉ា អ្នកម៉ាក់គួរនាំកូនទៅចាក់វ៉ាក់សាំងទៅតាមកាលវិភាគដែលបានណែនាំ ដើម្បីការពារកូន និងកាត់បន្ថយការរីករាលដាលនៃមេរោគ [11]។ កូនទើបនឹងកើតអាចទទួលបានការចាក់វ៉ាក់សាំងភ្លាមៗក្រោយពេលសម្រាល យោងទៅតាមគោលការណ៍ណែនាំថ្នាក់ជាតិអំពីការផ្តល់ថ្នាំបង្ការរបស់ប្រទេសកម្ពុជា។

គ. តាមដានដំណាក់កាលនៃការលូតលាស់របស់កូន

ចំពោះកូនទើបកើតទូទៅ និងជាពិសេសកូនសម្រាលដោយវះកាត់ លោកប៉ា អ្នកម៉ាក់ គួរតែយកចិត្តទុកដាក់តាមដានលើដំណាក់កាលនៃការលូតលាស់ (Development milestones) ជាប្រចាំនៅពេលថែទាំពួកគាត់។ ការតាមដានដំណាក់កាលទាំងនេះ ជួយឱ្យលោកប៉ា អ្នកម៉ាក់អាចយល់ដឹងកាន់តែច្បាស់អំពីសុខភាពកូន។ សម្រាប់កូនដែលនៅមិនទាន់ចេះដើរ ឬនិយាយបាន វាក៏ជួយឱ្យលោកប៉ា អ្នកម៉ាក់សង្កេតឃើញសញ្ញាមិនប្រក្រតីបានលឿន ដើម្បីស្វែងរកការពិគ្រោះ និងជំនួយពីអ្នកជំនាញផ្នែកសុខភាពបានទាន់ពេលវេលា [12]។

សរុបមក ការប៉ះស្បែកជាមួយស្បែករវាងអ្នកម៉ាក់ និងកូនក្រោយសម្រាល មានអត្ថប្រយោជន៍ជាច្រើនដល់ម្តាយ និងកូន។ ទោះយ៉ាងណា ប្រសិនបើអ្នកម៉ាក់សម្រាលដោយវះកាត់មិនមានឱកាសធ្វើវាភ្លាមៗ ក៏មិនគួរបារម្ភខ្លាំងពេកដែរ។ នៅមានវិធីជាច្រើនទៀត ដែលអាចជួយថែទាំកូនសម្រាលដោយវះកាត់ និងជួយឱ្យកូនបន្ស៊ាំខ្លួនទៅនឹងជីវិតខាងក្រៅស្បូនបានល្អ។ ការបំបៅដោះម្តាយ និងការធានាឱ្យកូនទទួលបានការចាក់វ៉ាក់សាំងចាំបាច់ទាំងអស់ គឺជាវិធីសាស្រ្តដែលត្រូវបានណែនាំ។

ទឹកដោះម្តាយគឺជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព និងការលូតលាស់ទូទៅរបស់កុមារតូចៗ។ ប្រសិនបើអ្នកម៉ាក់មិនអាចបំបៅដោះកូនបាន គួរស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាព ដើម្បីស្វែងរកដំណោះស្រាយអាហារូបត្ថម្ភដែលសមស្របសម្រាប់កូន។

ជាតិដែក 

ស្ត្រីវ័យក្មេងជាច្រើនខ្វះជាតិដែកដោយសារការបាត់បង់ឈាមក្នុងពេលមករដូវ និងរបបអាហារមិនល្អ។ ស្ត្រីដែលមានជំងឺស្លេកស្លាំង ធ្វើឱ្យកូនប្រឈមនឹងហានិភ័យនៃការកើតមិនគ្រប់ខែ និងការលូតលាស់មិនគ្រប់គ្រាន់នៅក្នុងស្បូន។ ដើម្បីដោះស្រាយបញ្ហានេះ សូមកំណត់គោលដៅទទួលទានជាតិដែក 18  ក្នុងមួយថ្ងៃ (និងរហូតដល់ 27 មីលីក្រាម នៅពេលមានផ្ទៃពោះ)1។ សូមទទួលទានអាហារសម្បូរជាតិដែកជារៀងរាល់ថ្ងៃ ដូចជា សាច់គ្មានខ្លាញ់ សាច់បក្សី បន្លែបៃតង និងអាហារបន្ថែមជាតិដែក។

References:
1. https://www.lamaze.org/Giving-Birth-with-Confidence/GBWC-Post/what-to-know-about-babies-born-by-c-section-and-what-you-can-do
2. National Institute of Statistics (NIS) [Cambodia], Ministry of Health (MoH) [Cambodia], and ICF. 2023. Cambodia Demographic and Health Survey 2021–22 Final Report. Phnom Penh, Cambodia, and Rockville, Maryland, USA: NIS, MoH, and ICF.
3. https://www.ncbi.nlm.nih.gov/pmc/articles/PMC3110651/
4. https://pubmed.ncbi.nlm.nih.gov/33142727/
5. https://www.unicef.org.uk/babyfriendly/baby-friendly-resources/implementing-standards-resources/skin-to-skin-contact/
6.https://elht.nhs.uk/application/files/3616/1123/9906/SkintoSkin_Csectionbirth_Jan2021_V2.pdf
7. https://news.sanfordhealth.org/childrens/the-importance-of-skin-to-skin-after-delivery-you-should-know/ 8.https://www.betterhealth.vic.gov.au/health/healthyliving/breastfeeding-deciding-when-to-stop

ប្រភេទផលិតផល

KHM.2025.68212.ISO-SIM-SMM-STC.1(v1.1)