តើជំងឺទឹកនោមផ្អែមជាអ្វី និងត្រូវគ្រប់គ្រងដោយរបៀបណា?

តើជំងឺទឹកនោមផ្អែមជាអ្វី និងត្រូវគ្រប់គ្រងដោយរបៀបណា?

Banner
Banner
Banner

អ្វីដែលលោកអ្នកត្រូវដឹងអំពីជំងឺទឹកនោមផ្អែម និងវិធីរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតក្រោមការគ្រប់គ្រងបានល្អ។

ការគ្រប់គ្រងជំងឺទឹកនោមផ្អែមបានត្រឹមត្រូវ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសុខភាពឱ្យបានល្អ និងការពារការខូចខាតដល់ជាលិកា និងសរីរាង្គរាងកាយ។ ប្រសិនបើទុកចោលមិនបានគ្រប់គ្រងទេ ស្ថានភាពសុខភាពបែបនេះអាចនាំឱ្យមានផលវិបាករយៈពេលវែង ដូចជាជំងឺសរសៃឈាម បេះដូង ខ្សោយតម្រងនោម ពិការភ្នែក មុខងារលិង្គមានបញ្ហា និងការឆ្លងមេរោគតាមជើងជាដើម។

តើអ្វីទៅជាជំងឺទឹកនោមផ្អែម? តើអ្វីទៅជាជំងឺទឹកនោមផ្អែម?  

នៅពេលមនុស្សម្នាក់មានជំងឺទឹកនោមផ្អែម រាងកាយរបស់ពួកគេអាចនឹងមិនផលិតអ័រម៉ូនម្យ៉ាងឈ្មោះថា អាំងស៊ុយលីន (Insulin) បានគ្រប់គ្រាន់នោះទេ ដែលវាជាអ័រម៉ូនត្រូវការជាចាំបាច់ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ការខ្វះអាំងស៊ុយលីននេះ បណ្តាលឱ្យជាតិស្ករកើនឡើងនៅក្នុងឈាម។ 

ជាធម្មតា ម្សៅ ស្ករ និងសារជាតិចិញ្ចឹមផ្សេងទៀតត្រូវបានបំបែកទៅជា គ្លុយកូស (Glucose) ដែលត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម1 រួចនាំទៅកាន់កោសិការាងកាយរបស់អ្នក។ កោសិកាទាំងនោះប្រើប្រាស់អាំងស៊ុយលីន ដែលជាអ័រម៉ូនផលិតដោយលំពែង ដើម្បីជួយបំប្លែងគ្លុយកូសទៅជាថាមពល។ 

បើគ្មានអាំងស៊ុយលីន រាងកាយរបស់អ្នកមិនអាចប្រើប្រាស់ ឬរក្សាទុកគ្លុយកូសពីអាហារដែលលោកអ្នកបានទទួលទាននោះទេ។ បន្ទាប់មក គ្លុយកូសនេះក៏កើនឡើងនៅក្នុងចរន្តឈាម និងទឹកនោមរបស់លោកអ្នក ដែលជាកត្តាដែលអាចបង្កឱ្យមានបញ្ហាជាច្រើន។ 

ជំងឺទឹកនោមផ្អែមប្រភេទទី 1 ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅពេលដែលកោសិកាលំពែងខូចខាត មិនអាចផលិតអាំងស៊ុយលីន2 នៅក្នុងរាងកាយបាន។ ស្ថានភាពនេះ ជាធម្មតាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញចំពោះកុមារ និងមនុស្សពេញវ័យជំទង់ ប៉ុន្តែក៏អាចកើតមាននៅគ្រប់វ័យផងដែរ។ 

ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជាធម្មតាកើតមាននៅវ័យកណ្តាល នៅពេលដែលរាងកាយរបស់លោកអ្នកមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬនៅពេលដែលកោសិការាងកាយមិនឆ្លើយតបទៅនឹងឥទ្ធិពលរបស់អាំងស៊ុយលីន។

វិធីគ្រប់គ្រងស្ថានភាពជំងឺ 

សូមចូលរួមស្វែងយល់ពីជំងឺនេះឱ្យបានសកម្មបន្ថែមទៀត ដើម្បីរៀនគ្រប់គ្រងវាឱ្យបានល្អ និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅជិតកម្រិតធម្មតាតាមដែលអាចធ្វើទៅបាន។ 

ឧបករណ៍វាស់ជាតិស្ករក្នុងឈាម គឺជាឧបករណ៍ដ៏មានប្រយោជន៍មួយ ដើម្បីជួយកំណត់ពីបែបផែននៃការគ្រប់គ្រងជាតិស្ករក្នុងឈាម។ សូមពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឱ្យបានញឹកញាប់។ តាមរយៈការពិនិត្យកម្រិតជាតិស្ករក្នុងឈាម និងការកត់ត្រាលទ្ធផលទុក លោកអ្នកនឹងដឹងថាតើចាំបាច់ត្រូវកែប្រែរបបអាហារ ការធ្វើលំហាត់ប្រាណ ឬប្រើប្រាស់ថ្នាំពេទ្យដែរឬទេ។ 

វិធីគ្រប់គ្រងស្ថានភាពជំងឺ  

សូមចូលរួមស្វែងយល់ពីជំងឺនេះឱ្យបានសកម្មបន្ថែមទៀត ដើម្បីរៀនគ្រប់គ្រងវាឱ្យបានល្អ និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅជិតកម្រិតធម្មតាតាមដែលអាចធ្វើទៅបាន។ 

ឧបករណ៍វាស់ជាតិស្ករក្នុងឈាម គឺជាឧបករណ៍ដ៏មានប្រយោជន៍មួយ ដើម្បីជួយកំណត់ពីផែនការនៃការគ្រប់គ្រងជាតិស្ករក្នុងឈាម។ សូមពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឱ្យបានញឹកញាប់។ តាមរយៈការពិនិត្យកម្រិតជាតិស្ករក្នុងឈាម និងការកត់ត្រាលទ្ធផលទុក លោកអ្នកនឹងដឹងថាតើចាំបាច់ត្រូវកែប្រែរបបអាហារ ការធ្វើលំហាត់ប្រាណ ឬប្រើប្រាស់ថ្នាំពេទ្យដែរឬទេ។  

ទទួលទានថ្នាំឱ្យបានទៀងទាត់តាមពេលវេលា

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី​ 1 តម្រូវឱ្យមានការចាក់អាំងស៊ុយលីន ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។3   

សម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី 2 ការព្យាបាលនឹងអាស្រ័យលើថាតើកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកត្រូវបានគ្រប់គ្រងបានល្អកម្រិតណា។ លោកអ្នកអាចនឹងត្រូវផ្លាស់ប្តូររបៀបរស់នៅ ទទួលទានថ្នាំពេទ្យ (ក្នុងទម្រង់ជាថ្នាំគ្រាប់) ឬការចាក់អាំងស៊ុយលីន។

សូមទទួលទានថ្នាំគ្រាប់ ឬចាក់អាំងស៊ុយលីននៅពេលតែមួយជារៀងរាល់ថ្ងៃ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យរបស់លោកអ្នក។ កុំខកខានការទទួលទានថ្នាំ ឬការចាក់អាំងស៊ុយលីនឱ្យសោះ។  

ការទទួលទានអាហារប្រកបដោយភាពឆ្លាតវៃ 

ការដឹងពីអាហារដែលត្រូវទទួលទាន និងត្រូវចៀសវាង អាចជួយឱ្យរាងកាយរបស់អ្នកប្រើប្រាស់អាំងស៊ុយលីនបានកាន់តែប្រសើរ។ អាហារមួយចំនួនក៏អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់លោកអ្នកបានផងដែរ។ 

សូមជ្រើសរើសរបបអាហារដែលមានតុល្យភាពល្អដូចជាផ្លែឈើ បន្លែ កាបូអ៊ីដ្រាត សាច់ និងផលិតផលទឹកដោះគោ។ ចៀសវាងអាហារដែលមានជាតិស្ករខ្ពស់។ សូមពិនិត្យស្លាកសញ្ញាសម្គាល់ផលិតផល ប្រសិនបើលោកអ្នកមិនច្បាស់។ ប្រភពនៃជាតិស្ករនៅក្នុងអាហាររួមមាន ទឹកស្ករពោត ស្ករស ស៊ូក្រូស (Sucrose) ដិចស្ត្រូស (Dextrose) ម៉ូឡាស (Molasses) និងទឹកឃ្មុំ។ 

ទទួលទានអាហារតាមពេលវេលាទៀងទាត់ និងកុំរំលងអាហារ ព្រោះការទទួលទានអាហារមិនទៀងទាត់ អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក។ 

សូមអនុវត្តទម្លាប់ចម្អិនអាហារដែលមានសុខភាពល្អ ប្រសិនបើលោកអ្នកចូលចិត្តអាហារចម្អិននៅផ្ទះ។ សូមយកអាហារទៅធ្វើការដុត ស្ងោរ ឬអាំង ជំនួសឱ្យការចៀន ឬបំពង និងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ដូចជា ដំឡូងបំពង ប័រ ការ៉េម និងម៉ាយ៉ូណែស។  

ការធ្វើលំហាត់ប្រាណជាទៀងទាត់ 

ការធ្វើលំហាត់ប្រាណ គឺជាផ្នែកដ៏សំខាន់មួយនៃការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ក្រៅពីជួយបង្កើនសុខភាពរាងកាយ និងអារម្មណ៍ស្រស់ស្រាយប្រកបដោយផាសុកភាពហើយនោះ វាក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។ 

សូមពិគ្រោះជាមួយគ្រូពេទ្យរបស់លោកអ្នកជានិច្ច មុនពេលចាប់ផ្តើមកម្មវិធីលំហាត់ប្រាណណាមួយ។ សូមពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក មុនពេលធ្វើលំហាត់ប្រាណ និងពិនិត្យឡើងវិញម្តងទៀត បន្ទាប់ពីធ្វើលំហាត់ប្រាណរួច។ 

សូមយកអាហារសម្រន់ដែលសម្បូរជាតិកាបូអ៊ីដ្រាតតាមខ្លួន ដូចជាផ្លែឈើ ឬនំបង្កើនថាមពល ដើម្បីបំពេញបន្ថែមជាតិគ្លុយកូសដែលលោកអ្នកត្រូវការ ក្នុងករណីដែលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។

សូមអនុវត្តទម្លាប់ចម្អិនអាហារដែលមានសុខភាពល្អ ប្រសិនបើលោកអ្នកចូលចិត្តអាហារចម្អិននៅផ្ទះ។ សូមយកអាហារទៅធ្វើការដុត ស្ងោរ ឬអាំង ជំនួសឱ្យការចៀន ឬបំពង និងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ដូចជា ដំឡូងបំពង ប័រ ការ៉េម និងម៉ាយ៉ូណែស។  

ពេលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ 

កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ 

ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឡើងខ្ពស់ខ្លាំង លោកអ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។4 រោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់រួមមាន ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ឈឺក្រពះ និងក្អួត។ រោគសញ្ញាទាំងនេះអាចកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោង ឬអាចវិវត្តទៅមុខក្នុងរយៈពេលច្រើនថ្ងៃ។ កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ អាចបណ្តាលមកពីការខ្វះអាំងស៊ុយលីន ការឆ្លងរោគ ភាពតានតឹង ឬការទទួលទានអាហារច្រើនពេក។ 

ត្រូវផឹកទឹកដែលគ្មានជាតិស្ករឱ្យបានច្រើន ហើយកុំឈប់ប្រើប្រាស់ថ្នាំដោយគ្មានការណែនាំពីគ្រូពេទ្យ។ ត្រូវប្រាកដថាបានពិនិត្យកម្រិតជាតិស្ករក្នុងឈាមរៀងរាល់ 4 ម៉ោងម្តង ព្រមទាំងពិនិត្យរកសារជាតិ ឃីតូន (Ketones) នៅក្នុងឈាម ឬទឹកនោម។ 

កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប   

ប្រសិនបើលោកអ្នកមានបញ្ហាកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប លោកអ្នកក៏គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ផងដែរ។ រោគសញ្ញារួមមាន ញ័រខ្លួន បែកញើស ឃ្លានខ្លាំង និងឆាប់ខឹង។5 លោកអ្នកក៏អាចមានអារម្មណ៍ចង់ដួលសន្លប់ក្នុងរយៈពេលប៉ុន្មាននាទីផងដែរ។ 

កម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាប អាចបណ្តាលមកពីការប្រើអាំងស៊ុយលីនច្រើនហួសកម្រិត និងការទទួលទានអាហារមិនទៀងទាត់។ ការធ្វើលំហាត់ប្រាណច្រើនពេក ក៏អាចនាំឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបផងដែរ។ 

ជាវិធានការបណ្ដោះអាសន្ន សូមទទួលទានប្រភពជាតិស្ករដែលឆាប់មានប្រសិទ្ធភាព ដូចជាទឹកផ្លែឈើ ឬភេសជ្ជៈសូដាធម្មតា។ សូមពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកក្នុងរយៈពេល 15 នាទីក្រោយ ហើយត្រូវទៅជួបគ្រូពេទ្យ ប្រសិនបើវានៅតែទាប។ សូមប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នកទុកជាមុនថា ពួកគេត្រូវតែហៅគ្រូពេទ្យជាបន្ទាន់ ប្រសិនបើលោកអ្នកដួលសន្លប់ ឬបាត់បង់ស្មារតី។

ប្រភេទផលិតផល

References:

1 Health Promotion Board of Singapore. Retrieved on Aug 31, 2015 from: http://www.hpb.gov.sg/HOPPortal/dandc-article/680.
2 Mayo Clinic. Retrieved on Aug 31, 2015 from: http://www.mayoclinic.org/diseases-conditions/type-1-diabetes/basics/definition/con-20019573.
3 WebMD. Retrieved on Aug 31, 2015 from: http://www.webmd.com/diabetes/guide/type-1-diabetes?page=3.
4 WebMd. Retrieved on Aug 31, 2015 from: http://www.webmd.com/diabetes/features/diabetes-symptoms-to-never-ignore.
5 Mayo Clinic. Retrieved on Mar 25, 2024 from: https://www.mayoclinic.org/diseases-conditions/hypoglycemia/symptoms-causes/syc-20373685

KHM.2025.68209.GLU.1 (v1.1)